
សហគមន៍ខ្មែររួមគ្នាធ្វើសកម្មភាព
បច្ចុប្បន្នភាពជាក់ស្តែងទាន់ពេលវេលា។
សកម្មភាពតាមយុទ្ធសាស្ត្រ។សហគមន៍ផ្តល់អំណាចដោយខ្លួនឯងផ្ទាល់ ឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានប្រកបដោយអត្ថន័យខ្ពស់។
អាទិភាពក្នុងពេលបច្ចុប្បន្ន
កិច្ចប្រជំុតុមូលរួមគ្នារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកម្រិតខ្ពស់ស្តីពីកម្ពុជា នឹងដោះស្រាយការវិវឌ្ឍន៍ជាបន្ទាន់ ដែលឆ្លុះបញ្ចាំងពីគំរូលំនាំនៃការគាបសង្កត់ និងការបាត់បង់អធិបតេយ្យភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កិច្ចប្រជុំនេះ កើតឡើងដោយសារសហគមន៍យើង ក្តាប់យកភាពជាអ្នកដឹកនាំ និងឆ្លើយតបដោយផ្ទាល់ទៅនឹងការអំពាវនាវឱ្យមានការសម្របសម្រួល និងជំរុញសកម្មភាពសហគមន៍។ យើងកំពុងប្រមូលផ្តុំគ្នា ដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិទទួលខុសត្រូវ ក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជា និងបញ្ចប់ការគាបសង្កត់គ្រប់ប្រភេទ ដែលកំពុងតែកើនឡើងខ្លាំងទៅៗ។
វិធី ២ យ៉ាង ដែលបងប្អូនអាចធ្វើបាន ជួយបង្កើនសកម្មភាព និងបង្កើនលទ្ធផលនៃកិច្ចប្រជុំតុមូលរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅពេលខាងមុខ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្តាប់និងឮសំឡេងរបស់បងប្អូនបានយ៉ាងច្បាស់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ កន្លងមកនេះ ក្នុងកិច្ចប្រជុំតុមូលស្តីពីកម្ពុជា ដែលនាំឱ្យមានការស្នើសុំដោយផ្ទាល់ឱ្យសហគមន៍ខ្មែរយើងបន្តកិច្ចការនេះតទៅមុខទៀត។ នៅពេលដែលយើងធ្វើដំណើរឆ្ពោះទៅរកកិច្ចប្រជុំតុមូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនោះ សំឡេងរបស់បងប្អូនមិនត្រឹមតែយកជាចំណុចស្នូលនៃការពិភាក្សាប៉ុណ្ណោះទេ ថែមទាំងជាសំឡេងដែលកំពុងកែទម្រង់របៀបវារៈរបស់សហគមន៍អន្តរជាតិទៀតផង។

សកម្មភាពទី១
ចុះហត្ថលេខា និងចែករំលែកសេចក្តីថ្លែងការណ៍សហគមន៍
សមាជិកសហគមន៍ខ្មែរទូទាំងពិភពលោក កំពុងចេញសេចក្តីថ្លែងការណ៍នេះ នៅមុនកិច្ចប្រជុំតុមូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ ស្តីពីកម្ពុជា។ នេះជាការបន្ទរបន្ថែមពីលើការអំពាវនាវជាបន្ទាន់នៅថ្ងៃទី១ ខែសីហា ពីអង្គការសង្គមស៊ីវិលក្នុងប្រទេសចំនួនជាង ១០០ និងពង្រឹងធ្វើឱ្យមានការអំពាវនាវរួមមួយដើម្បីសហគមន៍អន្តរជាតិសម្របសម្រួលគ្នាក្នុងសកម្មភាពរួម។ ហត្ថលេខារបស់បងប្អូននឹងពង្រឹងសំឡេងខ្មែរ នៅក្នុងពេលកិច្ចប្រជុំតុមូល។
សេចក្តីថ្លែងការណ៍របស់សហគមន៍ខ្មែរ សម្រាប់កិច្ចប្រជុំតុមូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ថ្ងៃទី១៥ ខែតុលា ស្តីពីកម្ពុជា។
យើងទាំងអស់គ្នាជាតំណាងសហគមន៍ខ្មែរទូទាំងពិភពលោក ចេញសេចក្តីថ្លែងការណ៍មួយ មុនកិច្ចប្រជុំតុមូលសហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលា ស្តីពីកម្ពុជា។ សេចក្តីថ្លែងការណ៍នេះ បន្ទបន្ថែមពីលើការអំពាវនាវជាបន្ទាន់នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ របស់អង្គការសង្គមស៊ីវិលនៅកម្ពុជាជាង ១០០ អង្គការ ដែលធ្វើការប្រកាសរួមមួយ ស្នើសុំឲ្យអន្តរជាតិ សម្របសម្រួលគ្នា ធ្វើសកម្មភាពឲ្យកាន់តែខ្លាំងឡើង ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា។
កិច្ចប្រជុំរបស់សហគមន៍ខ្មែរនេះធ្វើឡើងក្នុងពេលដ៏សំខាន់មួយ ដែលកម្ពុជាកំពុងតែប្រឈមមុខទៅនឹងការកើនឡើងនៃការគាបសង្កត់ និងការញុះញង់ឆ្លងហួសព្រំដែន គឺឈ្លានពានចូលទៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រទេសចិន វៀតណាម ព្រមទាំងប្រទេសថៃ ក្នុងពេលថ្មីៗនេះ។
កិច្ចប្រជុំតុមូលនឹងធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលជាឱកាសដ៏សំខាន់មួយដើម្បីបញ្ជាក់ រំឮកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អន្តរជាតិ ក្នុងការរក្សាអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
យើងនឹងជំរុញឲ្យដៃគូអន្តរជាតិធ្វើសកម្មភាពជាអាទិភាពបន្ទាន់ចំនួនពីរគឺ៖
ការពារអធិបតេយ្យភាព៖ ព្រំដែនរបស់ប្រទេសកម្ពុជាត្រូវបានបំផ្លាញដោយការទន្ទ្រានផ្នែកយោធា និងសេដ្ឋកិច្ចដោយផ្ទាល់របស់ប្រទេសចិន និងការពង្រីកឥទ្ធិពលរបស់វៀតណាម។ វិបត្តិព្រំដែនកម្ពុជា-ថៃ នៅពេលថ្មីៗនេះ ឆ្លុះបញ្ចាំង និងធ្វើឲ្យកាន់តែធ្ងន់ធ្ងរទៅ ដែលជាគំរូនៃការបាត់បង់អធិបតេយ្យភាព អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គឺបញ្ជាក់ឲ្យឃើញពីតម្រូវការបន្ទាន់និងចាំបាច់របស់សហគមន៍អន្តរជាតិ ក្នុងការសម្របសម្រួលដោះស្រាយ។
បញ្ចប់ការគាបសង្កត់ដែលកាន់តែកើនឡើង៖ របបនេះបានលុបបំបាត់ការប្រឆាំងផ្នែកនយោបាយ បំបិទប្រព័ន្ធផ្សព្វផ្សាយ និងបានប្រែក្លាយការបោះឆ្នោត ឲ្យទៅទៅជាការតែងតាំងតពូជទៅវិញ។ ការគាបសង្កត់កាន់តែខ្លាំងឡើងនេះ មិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាផ្នែក១នៃគំរូដែលគេអនុវត្តន៍ជាច្រើនទសវត្សរ៍មកហើយ រហូតដល់ឆ្លងកាត់ព្រំដែនទៀតផងនៅពេលឥឡូវនេះ។ គឺមានតាំងពីការចាប់ខ្លួនអ្នករិះគន់ឃ្លាំមើលព្រំដែន ការសំដៅយកមេដឹកនាំសហជីពដូចជា លោក រ៉ុង ឈុន ជាដើម រហូតដល់ការគំរាមវាយប្រហារឆ្លងព្រំដែន រួមទាំងការធ្វើឃាតតំណាងរាស្រ្តគណបក្សប្រឆាំង លោក លឹម គឹមយ៉ា និងការបង្ខំឲ្យសកម្មជនដែលបាននិរទេសខ្លួន ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ។ របបនេះកំពុងបង្កើនយុទ្ធនាការដើម្បីបំបិទមាត់អ្នកប្រឆាំងនៅគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។
ការវិវឌ្ឍន៍ថ្មីដ៏សំខាន់ដែលជាដំណាក់កាលដ៏គ្រោះថ្នាក់មួយត្រូវតែដោះស្រាយ គឺរបបនេះកំពុងតែរំកិលខ្លូនចូលកាន់តែជ្រៅ ទៅក្នុងការគាបសង្កត់ផ្នែកនយោបាយ ការគំរាមដកហូតសញ្ជាតិខ្មែរតាមច្បាប់ថ្មី ដើម្បីបំបិទមាត់អ្នកប្រឆាំង និងការរុះរើបំផ្លាញសង្គមស៊ីវិល ជាឧបករណ៍នៃការធ្វើទុក្ខបុកម្នេញ។
អស់រយៈពេល ៤៥ ឆ្នាំមកហើយដែលរបបនេះបានបន្តអនុញ្ញាតឲ្យមានការញុះញង់រំលោភបំពានដោយគ្មានបញ្ហា។ របបនេះយកភាពស្របច្បាប់របស់ខ្លួន មកធ្វើសកម្មភាពដើម្បីក្តាប់អំណាច មិនមែនដើម្បីការពារប្រទេសជាតិទេ។ សហគមន៍យើងគាំទ្រយុទ្ធសាស្រ្តគោលដៅដែលភ្ជាប់ ជំនួយសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅនឹងលក្ខខណ្ឌនៃការចូលរួមកែលំអសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងរក្សាការងារដែលមាន ប្រកបដោយភាពជាក់ស្តែង។
កម្ពុជាត្រូវការរដ្ឋាភិបាល និងគណបក្សប្រឆាំងដែលការពារអធិបតេយ្យភាព និងផលប្រយោជន៍ បូរណភាពទឹកដីរបស់កម្ពុជា។
ការការពារអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា មិនត្រឹមតែជាការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះទេ គឺវាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះស្ថិរភាពក្នុងតំបន់ បូរណភាពទីផ្សារការងារ និងការផ្តល់ទំនុកចិត្តដល់ដៃគូអន្តរជាតិ។
ស្ថានភាពពិត និងគំរូនៃសារណែនាំ
សកម្មភាពទី២
យើងនឹងផ្តល់ជូននូវឯកសារដែលជាការណែនាំជាយុទ្ធសាស្ត្រ ដើម្បីជួយឱ្យបងប្អូននិយាយបានប្រសើរយ៉ាងច្បាស់ជាងមុន ប្រកបដោយទំនុកចិត្ត និងជាប់លាប់លើបញ្ហាសំខាន់ៗ ដែលត្រូវបានរចនាឡើងសម្រាប់អ្នកតស៊ូមតិក្នុងសហគមន៍ អ្នកដឹកនាំជនភៀសខ្លួន ខ្មែរចំណាកស្រុក និងសម្ព័ន្ធមិត្តផ្សេងទៀត។